ភ្នំពេញៈ សិក្ខាសាលាស្តីពី “ដំណោះស្រាយផលប៉ះពាល់វិបត្តិហិរញ្ញវត្ថុ លើការជួញដូរមនុស្សនៅប្រទេស កម្ពុជា” បានប្រារឰធ្វើឡើងកាលពីថ្ងៃព្រឹកថ្ងៃពុធ ទី ១៥ កក្កដា ឆ្នាំ២០០៩ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោម អធិបតីរបស់លោកជំទាវ អ៊ឹង កន្ថាផាវី ដែលជាប្រធានគណៈអធិបតី អបដោយឯកឧត្តម តោ សឿត និងលោក Matthew Friedman ដែលជាគណៈអធិបតី។
ពិធីនេះរៀបចំឡើង ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាដែលប្រជាជនកម្ពុជាភាគច្រើនកំពុងតែ ប្រឈម ជាពិសេសទាក់ទងទៅនឹងវិបត្តិសេដ្ឋកិច្ចពិភពដែលអាចនាំអោយមានភាពប៉ះពាល់ខ្លាំងដល់ប្រជាជនដែល មានជីវភាពខ្វះខាត ហើយបានធ្វើចំណាក់ស្រុកទៅប្រទេសផ្សេងដើម្បីរកប្រាក់។
ឯកឧត្តម តោ សឿត រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារនិតិសម្បាទា បានអោយដឹង ថា ដោយសារតែពិភពលោកជួបវិបត្តិសេដ្ឋកិច្ចផ្ទួនៗ បានធ្វើអោយការវិនិយោគនៅក្នុងប្រទេសកម្ពុជាត្រូវថយចុះ ដែលជាបុព្វហេតុធ្វើអោយភាពអត់ការងារធ្វើរបស់ប្រជាជនមានភាពកើនឡើង ដោយខ្លះបានចាកចេញពីស្រុក កំណើតដើម្បីទៅស្វែងរកការងារធ្វើនៅតាមតំបន់ផ្សេង រឺប្រទេសជិតខាងជាដើម។ ដោយសារតែប្រជាជនខ្វះភាព យល់ដឹង និងគ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវ បានធ្វើអោយពួកគេងាយស្រួលចាញ់បោកពួកជនខិលខូច ដោយប្រកប របរជាស្រីពេស្យាជាដើម។
ស្រដៀងគ្នានោះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានបញ្ចាក់អោយដឹងថា តាមការ ប៉ានប្រមាណត្រឹម ខែមិនា ឆ្នាំ២០០៨ មាននារីធ្វើការរោងចក្រជាង ២៧០០០ នាក់បានឈប់ពីការងារ របស់ខ្លួនដោយប្តូរទៅធ្វើជាស្ត្រីផ្សព្វផ្សាយស្រាបៀរ ព្រោះតែការងារនេះអាចរកប្រាក់ចំនូលបាន ២ ទៅ ៥ដង ច្រើនជាង ប្រាក់ខែការងាររោងចក្រ។ វាអាចជាហេតុធ្វើអោយស្ត្រីមានភាពប្រថុយប្រថានទៅនឹងការជួញ ដូរផ្លូវភេទ។
ដោយឡែក ស្ត្រីដែលទៅធ្វើការនៅប្រទេសជិតខាងដូចជាថៃ ម៉ាលេ និងកូរ៉េ ក៏មានបញ្ហាមួយចំនួនដែរ ដោយលោកជំទាវបានមានប្រសាសន៏ថា ស្ត្រីមួយចំនួនមិនយល់ច្បាស់ពីការងារទាំងនោះ ដែលវាជាហេតុធ្វើអោយ ពួកគាត់ងាយទទួលរងគ្រោះដោយបញ្ហាផ្សេងៗ។ ពួកគាត់អាចនឹងប្រឈមនឹងការលួចរស់នៅប្រទេសគេ ខណៈដែលប្រទេសនោះ ឈប់ត្រូវការកម្មករ ហើយពួកគាត់មិនចង់ត្រលប់មកស្រុកកំណើតវិញ។ ម៉្យាងវិញទៀត វាអាចប៉ះពាល់ដល់ដល់ការជួញដូរផ្លូវភេទ តាមការកេងប្រវញ្ចផ្លូវភេទនានា។
លោកជំទាវបានបន្ថែមថា ដើម្បីទប់ស្កាត់នឹងបញ្ហខាងលើ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជ្រើសរើស សម្រិតសម្រាំងយក ក្រុមហ៊ុននាំកម្មករទៅធ្វើការនៅប្រទេសផ្សេង ដែលអាចទុកចិត្តបានដើម្បីផ្តល់ភាពងាយ ស្រួលដល់ប្រជាពលរដ្ឋទាំងអស់។ លើសពីនេះ យើងបានបង្កើតនូវការផ្សព្វផ្សាយទៅប្រជាជនអោយពួកគាត់ យល់ពីអ្វីដែលពួកគាត់ចង់ធ្វើ ក៏ដូចជាបង្រៀនជាកម្មវិធីដល់ពួកគាត់។ ម៉្យាងវិញទៀត យើងនឹងអោយមានមន្ត្រី ម្នាក់នៅប្រចាំស្ថាតទូតកម្ពុជា នៃប្រទេសនិមួយៗ អោយធ្វើការគ្រប់គ្រងទៅលើបញ្ហានេះ។
ទោះជាយ៉ាងនេះក្តី លោកជំទាវក៏បានអំពាវនាវអោយស្ថាប័នឯកជន អន្តរជាតិ សង្គមសីវិលនានា ជួយក្នុង ការដោះស្រាយបញ្ហាទាំងអស់នេះអោយកាន់តែមានប្រសិទ្ធភាពផងដែរ។
(១៥ កក្កដា ២០០៩)